ក្រុមប្រឹក្សាជាតិគាំពារសង្គម
ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឲ្យកាន់តែប្រសើរឡើង ព្រមទាំងដើម្បីឆ្លើយតបនឹងតម្រូវការបន្ស៊ីយុទ្ធសាស្រ្ត គោលនយោបាយ និងសកម្មភាពគាំពារសង្គមនានា រាជរដ្ឋាភិបាលបានបង្កើត “ក្រុមប្រឹក្សាជាតិគាំពារសង្គម”។ ក្រុមប្រឹក្សានេះ មានតួនាទីជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការសម្របសម្រួល និងតម្រង់ទិសរួមលើការងាររៀបចំយុទ្ធសាស្រ្ត និងគោលនយោបាយគាំពារសង្គម។
ដើម្បីធានានូវការបំពេញភារកិច្ចសម្របសម្រួលពហុវិស័យប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្រុមប្រឹក្សាជាតិគាំពារសង្គម ត្រូវបានបង្កើតឡើងដោយមានសមាសភាពជាឥស្សរជនមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់របស់រាជរដ្ឋាភិបាល ដែលរួមមានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួងផែនការ ក្រសួងយុត្តិធម៌ និងក្រសួងមុខងារសាធារណៈ។
ក្រុមប្រឹក្សាជាតិគាំពារសង្គម មានអគ្គលេខាធិការដ្ឋានមួយដែលទទួលភារកិច្ចលើការប្រតិបត្តិការងារប្រចាំថ្ងៃ ដែលមានឈ្មោះថា “អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម” ដែលត្រូវបានបង្កើតឡើងក្រោមចំណុះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ យោងអនុក្រឹត្យលេខ០៣ អនក្រ.បក ចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ ស្តីពីការបង្កើតគណៈកម្មាធិការប្រតិបត្តិ និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម។
ឯកសារយោង៖
កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម។